បាត់ដំបង
៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់នៅផ្នែកខាងលើក្នុងតំបន់ស្រុកសំឡូត
កាលពីថ្ងៃទី២៨.២៩ ខែសីហា ឆ្នាំ២០២៦ បង្កជាជំនន់
ហើយមន្ត្រីជំនាញបានបើកទ្វារទឹកទំលាក់ចូលស្ទឹងសង្កែរហូតធ្វើអោយកម្ពស់ទឹកហក់ឡើងជាង១៣ម៉ែត្រ។
បើតាមការបញ្ជាក់ពីលោក ហ៊ុន ធឿន អភិបាលស្រុកសំឡូត បានអោយដឹងនៅថ្ងៃទី៣១
ខែសីហា ឆ្នាំ២០២៦នេះថា
រហូតមកដល់ថ្ងៃនៅស្រុកសំឡូតភ្លៀងនៅតែបន្តធ្លាក់ប៉ុន្តែអត់ជាប់ទេ ភ្លៀងរាំងៗ
អញ្ចឹងទឹកអត់ឡើងទេ ទឹកដែលឡើងតែមួយថ្ងៃកន្លះទេ ឡើងកាលពីថ្ងៃទី២៨និង២៩មួយព្រឹកថ្ងៃត្រង់
ហើយនៅពេលរសៀលទើបមន្ត្រីជំនាញបើកទ្វារទឹកទំលាក់ទៅប៉ែកខាងក្រោម
ធ្វើអោយចាល់នៅខាងក្រោមផ្នែកស្រុកឯកភ្នំ ចំណែកនៅខាងស្រុកសំឡូតមិនមានទឹកឡើងអីទៀតទេ។
ដោយឡែករដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីស្ថានភាពទឹកស្ទឹងសង្កែគិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ មានកម្ពស់ ១៣,៥០ម៉ែត្រ និងសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែនៅប៉ែកខាងក្រោម ពិសេសអ្នកស្រុកឯកភ្នំ បន្តប្រុងប្រយ័ត្នខ្ពស់ កំពស់ទឹកអាចបន្តឡើងបន្តិចនៅថ្ងៃនេះ និងអាចស្រកចុះទៅវិញនៅថ្ងៃបន្ទាប់ ៕
ដោយ ៖
សាលី




